ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ – ២៨ ខែមេសា ឆ្នាំ ២០២៤ មជ្ឈមណ្ឌលព្រីមៀរ៍សែនសុខ បានរួមសហការណ៍ជាមួយ ក្រសួងពានិជ្ជកម្ម បង្កើតឡើងនូវព្រឹត្តិការណ៍តាំងពិព័ណ៌រថយន្តដ៏ធំបំផុតប្រចាំឆ្នាំ ដែលមានការចូលរួមពីក្រុមហ៊ុនចែកចាយរថយន្តជាច្រើនដែលរួមមាន ក្រុមហ៊ុន TOYOTA, FORD, BYD, Hyundai, GWM, Mitsubishi, AiQar, Chevrolet, Land Rover, GAC, Tesla, ChangAn, Neta, Peugeot និង Aion ផងដែរ។
ក្នុងឱកាសនៃពិធីបើក ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមជាពិសេសក្រោម អធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏ដូចជាការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្ម។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ការ បើកព្រឹត្តិការណ៍ពិព័រណ៍ក្នុងពេលនេះ ពោលគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន តាមរយៈទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ធ្វើឱ្យមានការរីកចម្រើនពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ និងផ្តល់គុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ ផ្តួចផ្តើមរៀបចំធ្វើពិធីនេះ ដើម្បីបង្ហាញពីភាពចម្រុះ និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា និងជាឱកាសសម្រាប់ក្រុមហ៊ុននាំចូលរថយន្តនានាបានផ្សព្វផ្សាយម៉ាក និងបង្កើនភាពទាក់ទាញ ព្រមទាំងបង្កើតបរិយាកាសស្និទ្ធស្នាលរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ និងសង្ឍឹមថានឹងមានពិធីបែបនេះជាបន្តបន្ទាប់ទៀត។
ក្នុងនោះដែរលោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថាក្រុមហ៊ុនចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology ។
នេះជាលើកទីមួយហើយដែលមានការចូលរួមយ៉ាងច្រើនកុះករពី ក្រុមហ៊ុននាំចូលរថយន្តនៅព្រះរាជាណាចក្រកម្ពុជា ហើយយើងក៏អាចធ្វើការសង្កេតឃើញថា មានវត្តមានក្រុមហ៊ុនរថយន្តចិន បានចូលមកផ្សព្វផ្សាយអំពីរថយន្តរបស់ខ្លួន យ៉ាងច្រើនគួរអោយកត់សំគាល់។ ដែលមូលហេតុ នៃកំណើនរថយន្តចិន នេះគឺអាចមកពី កត្តាជីវភាព របស់ ប្រជាជន ដែលបានផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹក មកជាការប្រើប្រាស់រថយន្តថ្មី បូករួមជាមួយតម្លៃសមរម្យរបស់រថយន្តចិន ក៏ដូចជា គុណភាពប្រើប្រាស់បានទទួលស្គាល់ពីមហាជនផងដែរថា ប្រហាក់ប្រហែលទៅនឹងផលិតផលជប៉ុន ឬ អឺរ៉ុប ផងនោះ ដែលជាហេតុផលមួយក្នុងការចូលរួមបង្កើនការនាំចូលរថយន្តចិន នេះផ្ទាល់តែម្តង ដែលបច្ចុប្បន្ននេះ ម៉ាករថយន្តចិនដែលនាំមុខគេរួមមាន MG និង Changan។ ក្រៅពីរថយន្តចិន ក៏មាន រថយន្ត អឺរ៉ុបផងដែរ ក៏ប៉ុន្តែមានការចូលរួមតិចជាងសព្វមួយដង ដែលលើកនេះគឺមានតែ ក្រុមហ៊ុន Land Rover Cambodia តែប៉ុណ្ណោះ។
បន្ថែមពីលើនេះទៀត បើយ៉ោងតាមស្ថិតិនៃការនាំចូលរថយន្តប្រណីត យើងឃើញថា រថយន្តម៉ាក Lexus នៅតែបន្តនាំមុខគេនៅក្នុងទីផ្សារនេះប្រទេសកម្ពុជា ហើយ រថយន្តម៉ាក Land Rover ស្ថិតនៅលំដាប់លេខ ២ រីឯ ម៉ាករថយន្ត Cadillac ស្ថិតនៅលំដាប់លេខ ៣។ ហើយបើយើងគិតពី ចំនួនបរិមាណរថយន្តដែលលក់ដាច់ជាងគេគិតត្រឹម ឆ្នាំ ២០២៤ នេះ គឺរថយន្តម៉ាក Ford ដែលនាំមុខគេ ហើយ Toyota ស្ថិតនៅលំដាប់លេខ ២។
អ្នកចូលរួមទាំងអស់ក៏អាចទទួលការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃយ៉ាងច្រើនលើរថយន្តពីក្រុមហ៊ុនផ្សេងៗ ដែលធ្វើឱ្យវាក្លាយជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកទិញរថយន្តនៅក្នុងកម្មវិធីនេះផ្ទាល់តែម្តង។
អត្តបទ-Khmer Car Deal