កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Lexus បានធ្វើសន្និសីទកាសែតអំពីការដាក់សម្ពោធអគារតាំងបង្ហាញរថយន្តថ្មី ដំបូងបង្អស់នៅកម្ពុជា និង ជាវត្តមានទី ៨ របស់ក្រុមហ៊ុន Lexus នៅទីផ្សារអាស៊ីផងដែរ។
លោក Preston Tan អនុប្រធាននៃ Lexus អាស៊ី បាននិយាយថា កំណើនប្រជាជនដែលមានចំណូល មធ្យម និង ខ្ពស់ កាន់តែកើនឡើង តម្រូវការនៃរថយន្តប្រណីតនៅកម្ពុជាក៏កាន់តែកើនឡើងខ្លាំងដូចគ្នា។
លោក Tan ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Lexus មានវត្តមាននៅលើទីផ្សារជាង ៩០ ប្រទេស នៅជុំវិញពិភពលោក ហើយសម្រាប់ទីផ្សារកម្ពុជា Lexus មិនត្រឹមតែផ្តល់នូវអគារតាំងបង្ហាញនោះទេ គឺថែមទាំងមានផ្តល់នូវសេវាកម្មថែទាំ ជួសជុលរថយត្តទៀតផង។
ក្នុងនាមជាម៉ាកយីហោដែលប្រណីតនៅលើពិភពលោក ជាមួយនឹង ការប្តេជ្ញាចិត្តយ៉ាងមោះម៉ុត ការឌីហ្សាញដ៏ល្អឥតខ្ចោះ ការរំលេចឡើងយ៉ាងប្រណីតនៃរូបរាងរបស់រថយន្ត ក៏ដូចជាសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Lexus បានបង្កើតប្រភេទរថយន្តជាច្រើនប្រភេទសម្រាប់តម្រូវការនៃរថយន្តប្រណីតនៅទូទាំងពិភពលោក។
ការមកដល់នៃអគារតាំងបង្ហាញផ្លូវការនេះ បញ្ជាក់អោយឃើញថា ជាជោគជ័យដ៏ធំមួយសម្រាប់ Lexus ក៏ដូចជា ការប្តេជ្ញាចិត្តដ៏មោះម៉ុត ដើម្បីផ្គត់ផ្គង់ ផ្តល់សេវាកម្ម ផ្ទាល់ខ្លួនសម្រាប់អតិថិជន នៃរថយន្តប្រណីត នៅកម្ពុជា និង ពិភពលោកទាំងមូល។
គួរអោយកត់សម្គាល់ផងដែរ សម្រាប់អគារតាំងបង្ហាញនេះ គឺរចនាឡើងដោយ មានរួមបញ្ចូលគ្នានូវ សិល្បះក្នុងតំបន់ ជាមួយនឹង ប្រណីតភាពលំដាប់ពិភពលោក ដែលធ្វើអោយអគារតាំងបង្ហាញនេះ ពិសេសខុសប្លែកពីអគារតាំងបង្ហាញរថយន្តដទៃ។ យើងអាចមើលឃើញការបង្ហាញពីសូត្រខ្មែរដែលធ្វើចេញពីដង្កូវនាង តាំងបង្ហាញនៅលើជញ្ជាំងនៃអគារ ក៏ដូចជា ល្ខោនស្រមោលស្បែកធំ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ។
ហើយជាពិសេសទៅទៀត អគារតាំងបង្ហាញនេះ ក៏ស្ថិតនៅតំបន់ដែលមានសកត្តានុពលខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ផ្លូវ ៦០ម៉ែត្រ ដែលនៅជុំវិញ សុទ្ធសឹងតែជាបណ្តុំ អគារតាំងបង្ហាញរថយន្ត ដែលរួមមាន Mercedes, Ram ក៏ដូចជាផ្សារទំនើប Aeon មានជ័យ ផ្សារទំនើប ជីប ម៉ុង និង បុរីប្រណីតៗ ដូចជាបុរីជីប ម៉ុង បុរី ប៉េង ហ៊ួតជាដើម ដែលវត្តមានរបស់ក្រុមហ៊ុន Lexus នឹងធ្វើអោយតំបន់នេះ រឹតតែប្រសើរឡើងថែមមួយកម្រិតទៀត។