តម្រងខ្យល់ម៉ាស៊ីនស្អាតមានសារៈសំខាន់សម្រាប់អោយរថយន្តដំណើរការបានល្អបំផុត។ តម្រងខ្យល់ដែលស្ទះអាចរឹតបន្តឹងលំហូរខ្យល់យ៉ាងខ្លាំង ដែលនាំឱ្យកាត់បន្ថយថាមពល សំឡេងម៉ាស៊ីនខុសពីធម្មតា ផ្សែងខ្មៅចេញពីបំពង់ផ្សែង និងការថយចុះប្រសិទ្ធភាពប្រើប្រាស់ប្រេង។ ក្នុងករណីធ្ងន់ធ្ងរ វាថែមទាំងអាចធ្វើអោយម៉ាស៊ីនមិនអាចបញ្ឆេះបាន និងលោតភ្លើងសញ្ញា Check Engine នៅកុងទ័រថែមទៀតផង។
ការយល់ដឹងអំពីការណែនាំពីការផ្លាស់ផ្តូរតម្រងខ្យល់
ខណៈពេលដែលកាលវិភាគថែទាំរថយន្តជារឿយៗ ណែនាំឱ្យផ្លាស់ប្តូរតម្រងខ្យល់ម៉ាស៊ីនរៀងរាល់ 48,000 ទៅ 72,000 គីឡូម៉ែត្រ។ យោងតាម KCD Auto Lab តម្រងខ្យល់គួរតែជំនួសក្នុងកំឡុងពេលផ្លាស់ប្តូរប្រេង ដោយសារគុណភាពខ្យល់ និងបរិស្ថាននៅកម្ពុជា ទំលាប់ល្អបំផុតគឺត្រូវប្តូរវា “នៅពេលដែលវាកខ្វក់”។ វាអាចត្រូវបានធ្វើដោយខ្លួនឯង ដោយមិនចាំបាច់ទៅកាន់យាន្តដ្ឋាន ហើយវាសន្សំសំចៃថែមទៀតផង។ ដោយសារលក្ខខណ្ឌគុណភាពខ្យល់ប្រែប្រួលចាប់ពីស្អាតរហូតដល់កខ្វក់ ការត្រួតពិនិត្យជាប្រចាំអាចមានប្រសិទ្ធភាពជាងការប្រកាន់ខ្ជាប់នូវកាលវិភាគផ្លាស់ប្តូរថេរ។
លក្ខខណ្ឌនៃការបើកបរដើរតួនាទីយ៉ាងសំខាន់ក្នុងអាយុកាលនៃតម្រងខ្យល់របស់អ្នក។ អ្នកដែលបើកបរញឹកញាប់ក្នុងចរាចរណ៍កកស្ទះ លើផ្លូវមិនទាន់ក្រាលកៅស៊ូ ឬក្នុងបរិយាកាសមានធូលីហុយច្រើន ប្រហែលជាត្រូវជំនួសតម្រងរបស់ពួកគេញឹកញាប់ជាងធម្មតា។ លើសពីនេះ បញ្ហាដែលមិននឹកស្មានដល់ដូចជាសត្វកណ្ដុរធ្វើសំបុកនៅក្នុងប្រអប់តម្រងខ្យល់ ក៏អាចកាត់បន្ថយអាយុជីវិតរបស់វាបានដែរ។
ពិនិត្យតម្រងខ្យល់របស់អ្នក
ការត្រួតពិនិត្យតម្រងខ្យល់ម៉ាស៊ីនរបស់អ្នកគឺជាកិច្ចការដ៏សាមញ្ញមួយដែលអ្នកអាចធ្វើដោយខ្លួនឯងបាន។ យានជំនិះទំនើបជាធម្មតាមានតម្រងខ្យល់ដែលដាក់ក្នុងប្រអប់ផ្លាស្ទិករាងចតុកោណ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ។ ប្រសិនបើអ្នកមិនប្រាកដអំពីទីតាំង សូមបើកមើលសៀវភៅណែនាំរបស់ម្ចាស់រថយន្ត ឬស្វែងរកតាមអ៊ីនធឺណិតសម្រាប់ការណែនាំជាក់លាក់ចំពោះ ម៉ូដែលរថយន្តរបស់អ្នកផ្ទាល់តែម្តង។
តម្រងខ្យល់ភាគច្រើនត្រូវបានផលិតចេញពីក្រដាសឯកទេសដែលត្រូវបានរចនាឡើងដើម្បីទប់ភាពកខ្វក់ខណៈពេលដែលអនុញ្ញាតឱ្យមានលំហូរខ្យល់។ តម្រងស្អាតជាធម្មតាលេចចេញជាពណ៌ស ខណៈពេលដែលការប្រែពណ៌បង្ហាញថាវាអាចត្រូវការការជំនួស។ លោកអ្នកអាចធ្វើតេស្តសាមញ្ញមួយ ដោយកាន់តម្រងខ្យល់បែរទៅពន្លឺព្រះអាទិត្យ ប្រសិនបើមានពន្លឺឆ្លងកាត់ តម្រងនោះនៅតែដំណើរការល្អនៅឡើយ តែបើមើលមិនឃើញទេ អ្នកគួរតែផ្លាស់ប្តូរវាចេញ។
កំណត់ពេលត្រួតពិនិត្យរបស់អ្នក
ដើម្បីធានាថាអ្នកអាចបញ្ជៀសបញ្ហាដែលនឹងអាចកើតមានទាន់ពេលវេលា សូម ពិនិត្យមើលតម្រងខ្យល់របស់អ្នកពីរទៅ បីថ្ងៃមុនពេលប្តូរប្រេងតាមកាលវិភាគរបស់អ្នក។ វិធីសាស្រ្តសកម្មនេះអាចអនុញ្ញាតឱ្យអ្នកប្តូរតម្រងកខ្វក់ដោយខ្លួនឯង ដែលសន្សំសំចៃ បើធៀបនឹងការផ្លាស់ប្តូរនៅហ្ការ៉ាស់។ កុំភ្លេចទិញតម្រងខ្យល់ថ្មីនៅពេលផ្លាស់ប្តូរប្រេងម៉ាស៊ីនរបស់អ្នក ដើម្បីងាយស្រួលផ្លាស់ប្តូរនៅលើកក្រោយទៀត។
សរុបមក ការថែរក្សាតម្រងខ្យល់ម៉ាស៊ីនស្អាតគឺចាំបាច់សម្រាប់ដំណើរការរថយន្តរបស់អ្នក។ ការត្រួតពិនិត្យជាទៀងទាត់ និងការផ្លាស់ប្តូរទាន់ពេលវេលាអាចជួយអ្នកជៀសវាងការជួសជុលណាមួយ និងធានាថាម៉ាស៊ីនរបស់អ្នកដំណើរការដោយរលូន។ KCD Auto Lab បានបន្ថែមថា យើងមិនគួរផ្លុំខ្យល់ ហើយប្រើវាឡើងវិញទេ ពីព្រោះការផ្លុំខ្យល់សម្ពាធខ្ពស់ធ្វើឱ្យខូចសមត្ថភាពច្រោះរបស់តម្រងខ្យល់ ដែលអាចបណ្តាលឱ្យខូចម៉ាស៊ីនរថយន្តទៀតផង ។