ភ្នំពេញ : យោងតាមរបាយការណ៍នាំចូលរថយន្ដ ដែល Khmer Car Deal (KCD) ជាវេបសាយផ្ដោតលើការទិញ លក់ ការពិព័រណ៍នាលម្អិតពីយានយន្ដ រហូតដល់ការជួលសេវាកម្ម ជួសជុលនៅទូទាំងប្រទេស ជាមួយតម្លៃស្ដង់ដា និងបទវិភាគទីផ្សាររថយន្ដ ពីអ្នកជំនាញពិតប្រាកដ បានឱ្យដឹងថា រថយន្ដចម្រុះត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាចំនួន ៣៧០០០គ្រឿងសម្រាប់ឆមាសទីមួយឆ្នាំ២០២២ នេះ។
យីហោរថយន្ដ Toyota នៅតែជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ដែលមានការពេញនិយមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេស ម៉ូដែលសន្សំសំចៃសាំង Toyota Prius។
ជាក់ស្តែង រយៈពេល ៦ខែដើមឆ្នាំនេះ Toyota Prius ឬ (អាព្រូស) ជាប្រភេទរថយន្ដកូនកាត់ជាមួយការប្រើប្រាស់ថាមពលអាគុយ និងសាំងដ៏សន្សំសំចៃក្នុងវេលាតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នេះ ក្លាយជារថយន្ដត្រូវបាននាំចូលច្រើនបំផុតនៅកម្ពុជា។
យោងតាម Khmer Car Deal (KCD) ជាវេបសាយរថយន្ដប្រកបដោយស្ដង់ដា និងផ្ដល់ព័ត៌មានដ៏សម្បូរបែបពីយានយន្ដគ្រប់ប្រភេទ បានបង្ហាញថា៖ «នៅឆមាសទី១ នៃឆ្នាំ២០២២ រថយន្ត Toyota Prius ត្រូវបាននាំចូលច្រើនជាងគេបំផុត ដែលមានចំនួនរហូតដល់ជាង ៧២០០ គ្រឿងឯណោះ គឺស្មើនឹង ១៨% នៃចំនួនរថយន្តនាំចូលសរុបទាំងនេះ»។
វេបសាយ Khmer Car Deal (KCD) មានមុខងារជាច្រើន ចាប់ពីការទិញ លក់ ការពិព័រណ៍នាលម្អិតពីយានយន្ដ រហូតដល់ការជួលសេវាកម្ម ជួសជុលនៅទូទាំងប្រទេស ជាមួយតម្លៃស្ដង់ដា និងបទវិភាគទីផ្សាររថយន្ដ ពីអ្នកជំនាញពិតប្រាកដ។
ប្រភពដដែលនេះ បានបន្ដថា សម្រាប់រថយន្ត Kia Morning វិញក៏មិនធម្មតាដែរ ដែលត្រូវបានគាំទ្រយ៉ាងច្រើនពីទីផ្សារកម្ពុជា។
Kia Morning ត្រូវបាននាំចូលរហូតដល់ជាង ១៥០០គ្រឿង សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ ដែល ធ្វើឱ្យរថយន្តកូរ៉េដ៏តូចច្រឡឹងនេះបានក្លាយជារថយន្តត្រូវបាននាំចូលច្រើនបំផុតលំដាប់ថ្នាក់លេខ ២ បន្ទាប់ Toyota Prius។
ចំពោះរថយន្ដឈរនៅលំដាប់ខ្ពស់បំផុតទី ៣ បានធ្លាក់ទៅលើ Toyota ដដែល នោះគឺម៉ូដែល Toyota Camry ដោយត្រូវបាននាំចូលក្នុងចំនួនជាង ១២០០គ្រឿង៕