ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ភ្នំពេញ – ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី ស្តង់ដារសុវត្ថិភាពយានយន្ត និងសិទ្ធិនាំចូលផ្ដាច់មុខលើរថយន្តម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា។ សន្និសីទសារព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពី ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាក Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ លោក ងន សាំង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា “ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយលក់រថយន្តថ្មី ព្រមទាំងគ្រឿងបន្លាស់រថយន្តម៉ាក Land Rover នៅក្នុងប្រទេសកម្ពុជា ហើយនេះបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការធានាឱ្យបាននូវស្តង់ដារគុណភាពខ្ពស់ សេវាកម្មល្អ និងការពេញចិត្តរបស់អតិថិជន”។ ក្រុមហ៊ុន សូមលើកឡើងអំពីកង្វល់ និងផលប៉ះពាល់នៃការនាំចូលស្របគ្នាចំពោះរថយន្ត និងគ្រឿងបន្លាស់ម៉ាក Land Rover ពីសំណាក់អ្នកនាំចូលដែលមិនទទួលបានសិទ្ធិស្របច្បាប់ដូចខាងក្រោម៖
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-25-at-2.15.41-PM-1024x682.jpeg)
- កត្តាសុវត្ថិភាពយានយន្ត ៖ រថយន្ត Land Rover ដែលនាំចូលនិងចែកចាយដោយ “អ្នកនាំចូលមិនទទួលបានសិទ្ធិផ្ដាច់មុខ” គឺជារថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព និងមិនបានទទួលស្គាល់ដោយរោងចក្រផលិត ព្រមទាំងមិនបានគោរពតាមស្តង់ដារយានយន្តដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នោះឡើយ។ អតិថិជនប្រហែលជាមិនជ្រាបទេថា ការទិញរថយន្ត ពីអ្នកចែកចាយដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ គឺជាការទិញរថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព ដែលអាចបណ្តាលឱ្យម្ចាស់រថយន្ត ឬ/និង អ្នករួមដំណើរប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-25-at-2.12.23-PM-1024x682.jpeg)
- ការធានា និងការថែទាំ ៖ អ្នកចែកចាយដែលមិនទទួលបានសិទ្ធិនាំចូលរថយន្ត Land Rover មិនអាចផ្តល់ការធានា ឬ សេវាកម្មក្រោយការលក់បានត្រឹមត្រូវនោះទេ។ នេះមានន័យថា អតិថិជនមិនអាចស្វែងរកដំណោះស្រាយក្នុងករណី រថយន្តខូច ឬខុសប្រក្រតី បានឡើយ។ អតិថិជន ក៏មិនអាចរកគ្រឿងបន្លាស់ពិតដែលទទួលស្គាល់តាមស្តង់ដាររបស់រោងចក្រផលិត តាមរយៈអ្នកចែកចាយដែលគ្មានការអនុញ្ញាតបានឡើយ។ ដោយឡែក ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់ជូននូវគ្រឿងបន្លាស់រថយន្តពិតប្រាកដ ដោយនាំចូលមកពីរោងចក្រផលិតដែលអាចជឿទុកចិត្តបាន។ ការជ្រើសរើសទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
- ការធានារយៈពេល 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
- សេវាថែទាំដោយឥតគិតថ្លៃរយៈពេល 5ឆ្នាំ ឬ65,000 គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
- ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ ២៤ ម៉ោង / ៧ ថ្ងៃក្នុងមួយសប្តាហ៍
- អ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master
- សេវាចល័តគ្របដណ្តប់ទូទាំងប្រទេស
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-25-at-2.10.41-PM-1024x682.jpeg)
ប្រវត្តិយានយន្តមិនច្បាស់លាស់៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់បាន និងតាមដានពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាតព័ត៌មាននេះអាចបង្កឱ្យមានក្តីបារម្ភលើប្រវត្តិយានយន្តទាំងនោះរួមមាន ព័ត៌មានអំពីម្ចាស់កម្មសិទ្ធិពីមុន កំណត់ត្រាជួសជុល និងប្រវត្តិថែទាំរថយន្ត ជាដើម។ ភាពមិនច្បាស់លាស់ទាំងនេះអាចនាំឱ្យមានឧប្បត្តិហេតុមិនល្អ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ ឬ/និងអ្នកដំណើរ។
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-25-at-2.11.15-PM-1024x682.jpeg)
ការទិញ លក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត អាចមានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹងរថយន្តដែលបានទិញពីក្រុមហ៊ុន RMA Cambodia ។ លើសពីនេះ ជម្រើសសេវាកម្មហិរញ្ញប្បទាន អាចមានដែនកំណត់សម្រាប់អតិថិជនដែលចង់ទិញរថយន្តពីអ្នកចែកចាយដែលគ្មានការអនុញ្ញាត ដោយសារតែស្ថាប័នធនាគារអាចនឹងមានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬ លក្ខខណ្ឌអំណោយផលណាមួយសម្រាប់រថយន្តបែបនេះ។
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-25-at-2.14.21-PM-1024x682.jpeg)
ក្រុមហ៊ុន RMA Cambodia សូមសម្តែងក្តីព្រួយបារម្មណ៍ចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបានកើតឡើងនាពេលកន្លងមកនេះ។ ក្រុមហ៊ុនសូមបញ្ជាក់សាជាថ្មីថា រថយន្ត Range Rover ដែលបានឆេះទាំងនោះ មិនមែនជារថយន្តដែលទិញពី ក្រុមហ៊ុន RMA Cambodia នោះទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយបារម្ភដល់ ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ក៏ដូចជា បានបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន ផងដែរ។ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពយានយន្ត ក្រុមហ៊ុន RMA Cambodia សូមរំលឹកដល់អតិថិជនទាំងអស់មេត្តាពិចារណាទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមានសិទ្ធិនាំចូល និងចែកចាយស្របច្បាប់ក្នុងប្រទេសកម្ពុជា។
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-24-at-8.56.10-PM-724x1024.jpeg)
![](https://khmercardeal.com/wp-content/uploads/2023/08/WhatsApp-Image-2023-08-24-at-8.56.12-PM-791x1024.jpeg)
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល និងសេវាកម្ម អតិថិជន អាចទាក់ទងមកកាន់ ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ
JAGUAR LAND ROVER CAMBODIA
លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA
ទូរស័ព្ទ៖ +855 23 888 811
អាស័យដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ប្រទេសកម្ពុជា